ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣)

108/128

១៣ ធ្នូ

ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ពីព្រោះ ឯព្រះបន្ទូលនៃព្រះរស់នៅ ហើយពូកែផង ក៏មុតជាងដាវណាមានមុខ២ ទាំងធ្លុះចូលទៅ ទាល់តែកាត់ព្រលឹង និងវិញ្ញាណ ហើយសន្លាក់ និងខួរឆ្អឹងដាច់ពីគ្នា ទាំងពិចារណាអស់ទាំងគំនិត ដែលចិត្តគិត ហើយដែលសំរេចដែរ។ ហេព្រើរ ៤:១២ PPKh3 225.3

របៀបដែលព្រះធ្វើអន្ដរាគមន៍

វាគឺជាការចាំបាច់ដែលព្រះត្រូវតែយាងចូលមកធ្វើអន្តរាគមន៍។ ប្រជារាស្រ្ត ជាច្រើនបានដឹងពីអំពើបាបរបស់ស្តេចដាវីឌជាមួយនាងបាតសេបា ហើយសង្ស័យថាទ្រង់មានគម្រោងការសម្លាប់លោកអ៊ូរី។ ព្រះនាមរបស់ព្រះជាម្ចាស់ ក៏បានធ្លាក់ចុះ។ ទ្រង់បានលើកតម្កើងស្តេចដាវីឌ ហើយអំពើបាបរបស់ស្តេចដាវីឌនាំមកនូវភាពអាម៉ាស់ដល់ព្រះនាមរបស់ទ្រង់។ ទង្វើនេះហាក់ដូចជាបានបន្ទាបស្ដង់ដាររបស់ព្រះ នៅក្នុងសាសន៍អ៊ីស្រាអែល និងបានកាត់បន្ថយគំនិតរបស់មនុស្សជាច្រើនមិនឱ្យយល់ឃើញថា អំពើបាបគឺជាការដែលគួរឱ្យស្អប់ខ្ពើមផង។ PPKh3 225.4

ព្រះបានប្រទានសារនៃការប្រដៅតម្រង់ដល់ស្តេចដាវីឌ ដល់ហោរាណាថាន់។ បើទោះជាមានភាពគួរឱ្យខ្លាចនៅក្នុងភាពធ្ងន់ធ្ងរនៃសារនេះក៏ដោយ ហោរាណាថាន់ថ្វាយសាររបស់ព្រះ ជាប្រាជ្ញារបស់ព្រះនៃឋានសួគ៌ ដែលនឹងនាំមកនូវការអាណិតអាសូរដល់ស្តេច ដាស់មនសិការរបស់ទ្រង់ឡើង ហើយឱ្យទ្រង់កាត់ទោសប្រហារជីវិតចេញពីបបូរមាត់ខ្លួនឯង។ ហោរាបានប្រាប់រឿងមួយស្តីអំពីកំហុសនិងអំពើអយុត្តិធម៌ ដែលត្រូវតែកែតម្រូវ។ PPKh3 226.1

គាត់មានប្រសាសន៍ថា “នៅទីក្រុង១មានមនុស្ស២នាក់ ម្នាក់ជាអ្នកមាន ម្នាក់ក្រីក្រ អ្នកដែលមាននោះ មានចៀម ហើយនិងគោយ៉ាងសន្ធឹក តែអ្នកដែលក្រគ្មានអ្វីសោះ មានតែកូនចៀម១ ដែលបានទិញមកចិញ្ចឹមប៉ុណ្ណោះ កូនចៀមនោះក៏ចម្រើនធំឡើងនៅជាមួយនឹងគាត់ ហើយនិងកូនគាត់ វាតែងស៊ីអាហារ ហើយផឹកពីពែងរបស់គាត់ ក៏ដេកនៅនាដើមទ្រូងគាត់ដែរ គាត់ទុកវាដូចជាកូនស្រីរបស់ខ្លួន គ្រានោះ មានអ្នកដំណើរម្នាក់មកឯមនុស្សអ្នកមាននោះ តែអ្នកមានមិនព្រមយកសត្វណាមួយពីហ្វូងចៀមហ្វូងគោរបស់ខ្លួន ដើម្បីនឹងចាត់ចែងរៀបចំទទួលអ្នកដំណើរ ដែលមកឯខ្លួននោះទេ គឺបានចាប់យកកូនចៀមរបស់អ្នកក្រីក្រនោះ ទៅចាត់ចែងទទួលអ្នកដែលមកនោះវិញ”។ PPKh3 226.2

ស្តេចទ្រង់ព្រះពិរោធជាខ្លាំងហើយមានបន្ទូលទៅណាថាន់ថា “យើងស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា មនុស្សណាដែលប្រព្រឹត្តដូច្នោះគួរស្លាប់ហើយ ត្រូវឱ្យវាសង១ជា៤ជំនួសចៀមនោះ ដោយព្រោះបានប្រព្រឹត្តឥតប្រណីដូច្នោះ”។ PPKh3 226.3

លោកណាថាន់បានសម្លឹងមើលទៅស្តេច ហើយបន្ទាប់មកបានប្រកាសយ៉ាងឱឡារិកថា “ឯមនុស្សនោះ គឺជាអង្គទ្រង់នេះហើយ . . . ហេតុអ្វីបានជាឯងមើលងាយ ព្រះបន្ទូលនៃព្រះយេហូវ៉ា ដោយប្រព្រឹត្តការអាក្រក់ នៅព្រះនេត្រទ្រង់ដូច្នេះ”. ទោសដែលមនុស្សជាច្រើនព្យាយាមលាក់អំពើឧក្រិដ្ឋរបស់ខ្លួនពីមនុស្សដទៃ ដូចជាស្តេចបានខំកប់ទង្វើអាក្រក់របស់ទ្រង់ឱ្យផុតពីក្រសែភ្នែករបស់មនុស្សជារៀងរហូតដូច្នោះដែរ ប៉ុន្តែ “គឺគ្រប់ទាំងអស់នៅជាអាក្រាត ហើយចំហនៅចំពោះព្រះនេត្រនៃព្រះ” (ហេព្រើរ ៤:១៣) ។ PPKh3 226.4

ហោរាណាថាន់បានប្រកាសថា “ឯងបានសម្លាប់អ៊ូរី ជាសាសន៍ហេតដោយដាវ ក៏ក្បត់យកប្រពន្ធគាត់មកធ្វើជាប្រពន្ធឯង ហើយសម្លាប់គាត់ដោយដាវរបស់ពួកកូនចៅអាំម៉ូន ដូច្នេះ ដាវមិនដែលឃ្លាតពីគ្រួឯងឡើយ . . . ចាំមើល អញនឹងបណ្តាលឱ្យមានការអាក្រក់កើតឡើង ពីក្នុងគ្រូឯង ឱ្យទាស់នឹងឯង ក៏នឹងយកពួកប្រពន្ធទាំងប៉ុន្មានរបស់ឯង ប្រគល់ឱ្យដល់អ្នកជំនិតឯងនៅមុខឯងផង អ្នកនោះនឹងរួមដំណេក និងប្រពន្ធឯងទាំងនោះ នៅទីពន្លឺថ្ងៃ ដ្បិតឯងបានធ្វើការនោះដោយសម្ងាត់ តែអញនឹងធ្វើការនេះនៅ ទីពន្លឺវិញ ឱ្យពួកអ៊ីស្រាអែលទាំងអស់គ្នាបានឃើញ”។ PPKh3 227.1

ការស្តីបន្ទោសរបស់ហោរាបានប៉ះដល់ចិត្ដស្តេចដាវីឌ! មនសិការរបស់ទ្រង់បានភ្ញាក់រឭកឡើង ហើយទ្រង់បានឃើញកំហុសដ៏ធ្ងន់ធ្ងររបស់ទ្រង់។ ទ្រង់បានមានបន្ទូលដោយបបូរមាត់ញ័រចំប្រប់ថា “យើងបានធ្វើបាបនឹងព្រះយេហូវ៉ាហើយ”។ ស្តេចដាវីឌបានទទួលស្គាល់អំពើបាបយ៉ាងអាក្រក់របស់ទ្រង់ទាស់នឹងលោកអ៊ូរី និងនាងបាតសេបា ប៉ុន្តែបាបដែលធ្ងន់ជាងគេបំផុតនោះគឺបាបទាស់នឹងព្រះ។ PPKh3 227.2