ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣)

70/128

១១ វិច្ឆិកា

ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ដោយសារសេចក្តីជំនឿ កាលព្រះបានហៅលោកអ័ប្រាហាំ នោះលោកក៏បានស្តាប់បង្គាប់ លោកចេញទៅឯកន្លែងដែលត្រូវទទួលជាមរដក គឺចេញទៅឥតមានដឹងជាទៅឯណាទេ។ ហេព្រើរ ១១:៨ PPKh3 152.1

ស្តេចសូលបានធានាចំពោះដាវីឌថា ទ្រង់មិនរករឿងជាមួយនឹងគាត់ទេ ប៉ុន្តែ ដាវីឌមានទំនុកចិត្តទៅលើការផ្លាស់ប្តូរព្រះទ័យរបស់ស្តេចអង្គនេះ តិចតួចណាស់។ គាត់ចង់ជួបនឹងយ៉ូណាថានជាសំឡាញ់របស់គាត់ម្តងទៀត។ ដោយដឹងថា ខ្លួនគាត់គ្មានកំហុស គាត់នឹងអំពាវនាវដល់ព្រះរាជបុត្រារបស់ស្តេចយ៉ាងរំជួលចិត្តថា “តើខ្ញុំបានធ្វើអ្វី ខ្ញុំមានទោសជាយ៉ាងណា ឬបានធ្វើបាបដូចម្តេចខ្លះនៅចំពោះបិតាអ្នក បានជាទ្រង់រកសម្លាប់ខ្ញុំដូច្នេះ?”។ PPKh3 152.2

យ៉ូណាថានជឿថាបិតារបស់ទ្រង់មិនមានបំណងសម្លាប់ដាវីឌទៀតទេ។ “សូមកុំឱ្យបានដូច្នេះឡើយ អ្នកមិនត្រូវស្លាប់ទេ មើល បិតាខ្ញុំមិនដែលធ្វើការអ្វី ទោះធំ ឬតូចក្តី ដែលមិនប្រាប់ដល់ខ្ញុំនោះទេ ចុះមានទំនងអ្វីឱ្យទ្រង់លាក់ការនេះនឹងខ្ញុំវិញ ការនោះមិនត្រូវទេ”។ PPKh3 152.3

បន្ទាប់ពីបានឃើញអំណាចដ៏អស្ចារ្យរបស់ព្រះមក យ៉ូណាថាន មិនជឿថាបិតារបស់ទ្រង់នឹងប៉ះពាល់ដល់ដាវីឌឡើយ ព្រោះការធ្វើដូច្នោះគឺជាការបះបោរប្រឆាំងទាស់នឹងព្រះ។ PPKh3 152.4

លោកដាវីឌលាក់ខ្លួនពីស្តេចសូល

ប៉ុន្តែ ដាវីឌមិនទុកចិត្តទេ។ លោកបានប្រាប់យ៉ូណាថាន “ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ហើយដោយនូវព្រលឹងអ្នកដែលរស់នៅដែរថា ពិតប្រាកដជាខ្ញុំ និងសេចក្តីស្លាប់ នៅឃ្លាតតែ១ជំហានពីគ្នាទេ”។ PPKh3 152.5

នៅពេលខែពេញបូរមី សាសន៍អ៊ីស្រាអែលបានប្រារព្ធពិធីបុណ្យប្រចាំឆ្នាំដ៏ពិសិដ្ឋមួយ។ គេរំពឹងថាទាំងដាវីឌនិងទាំងយ៉ូណាថាននឹងមានវត្តមាននៅឯតុរបស់ស្ដេច ប៉ុន្ដែ ដាវីឌមិនហ៊ានមកទេ ហើយគេបានរៀបចំឱ្យគាត់ទៅជួបជាមួយនឹងបងប្អូនរបស់គាត់នៅភូមិបេថ្លេហិមឯណោះវិញ។ កាលបានត្រឡប់មកវិញ គាត់បានលាក់ខ្លួននៅក្នុងវាលមួយដែលនៅមិនឆ្ងាយប៉ុន្មានពីបន្ទប់ជប់លៀងរបស់ស្តេច ដោយមិនបានបង្ហាញមុខនៅចំពោះស្តេចចំនួនបីថ្ងៃ។ យ៉ូណាថានបានសង្កេតសកម្មភាពរបស់ស្តេចសូល។ ប្រសិនបើស្តេចមិនបានបង្ហាញសកម្មភាពក្រេវក្រោធទេ ‘នោះដាវីឌមានសុវត្ថិភាពអាចវិលត្រឡប់មកកាន់ព្រះរាជវាំងវិញបាន។ PPKh3 152.6

នៅពេលដែលកន្លែងរបស់ដាវីឌនៅទំនេរនៅថ្ងៃទីពីរ នោះស្ដេចសួរថា “‘ហេតុអ្វីបានជាកូនអ៊ីសាយ មិនបានមកបរិភោគភោជនាហារពីថ្ងៃម្សិលមិញ ហើយថ្ងៃនេះផង?’ យ៉ូណាថានទូលឆ្លើយថា ‘ដាវីឌបានអង្វរសូមឱ្យទូលបង្គំបើកឱ្យគាត់ទៅឯបេថ្លេហិម ហើយដោយថា “សូមអនុញ្ញាតឱ្យខ្ញុំទៅ ដ្បិតពួកគ្រួរបស់យើងខ្ញុំ គេនាំគ្នាថ្វាយយញ្ញបូជានៅក្នុងទីក្រុង ហើយបងខ្ញុំបានផ្តាំឱ្យខ្ញុំទៅ ដូច្នេះ បើអ្នកអាណិតមេត្តាដល់ខ្ញុំ នោះសូមឱ្យខ្ញុំទៅសួរបងប្អូនខ្ញុំបន្តិច” គឺដោយហេតុនោះបានជាគាត់មិនបានមកបរិភោគជាមួយនឹងបិតាទេ’”។ PPKh3 153.1

នៅពេលស្តេចសូលបានឮពាក្យទាំងនេះ កំហឹងរបស់ទ្រង់ក៏ពុះពោរឡើងគ្រប់គ្រងលែងបាន។ ទ្រង់បានប្រកាសថា ដរាបណាដាវីឌមានជីវិតរស់នៅ នោះយ៉ូណាថានមិនអាចឡើងសោយរាជ្យជាស្ដេចបានទេ។ គេគួរចាប់ដាវីឌមកប្រហារជីវិតភ្លាម។ យ៉ូណាថានបានអង្វរករជាថ្មីម្តងទៀតថា “ហេតុអ្វីបានជាគាត់ត្រូវស្លាប់? តើបានធ្វើអ្វីខ្លះ?” សំដីនេះបានធ្វើឱ្យស្តេចដ៏អាក្រក់នេះរឹតតែក្រេវក្រោធខ្លាំងឡើងប៉ុណ្ណោះ ហើយឥឡូវនេះទ្រង់បានចោលលំពែងដែលទ្រង់បានបម្រុងទុកសម្លាប់ដាវីឌនោះ ទៅលើបុត្រារបស់ទ្រង់។ PPKh3 153.2

ព្រះអម្ចាស់យ៉ូណាថានមានការសោកស្តាយនិងអាក់អន់ព្រះទ័យជាខ្លាំង។ ទ្រង់បានចាកចេញពីព្រះវរបិតា យាងទៅកាន់កន្លែងដែលដាវីឌពួន តាមពេលដែលបានសន្យានឹងដាវីឌ ដើម្បីប្រាប់ពីបំណងរបស់ស្តេច។ ពួកគេទាំងពីរបានយំសោកយ៉ាងខ្លោចផ្សា។ ចិត្តលោភលន់ដ៏ខ្មៅងងឹតរបស់ស្តេច បានជះស្រមោលទៅលើបុរសវ័យក្មេងទាំងពីរ ហើយទុក្ខព្រួយរបស់ពួកគេខ្លាំងក្លារកថ្លែងមិនបាន។ ពាក្យចុងក្រោយរបស់យ៉ូណាថានចំពោះដាវីឌ នៅពេលដែលពួកគេបែកគ្នានោះគឺ “អញ្ជើញអ្នកទៅឱ្យប្រកបដោយសេចក្តីសុខចុះ ដ្បិតយើងទាំង២នាក់បានស្បថគ្នា ដោយនូវព្រះនាមព្រះយេហូវ៉ាហើយ ថា ‘ព្រះយេហូវ៉ាទ្រង់នឹងគង់កណ្តាលខ្ញុំ ហើយនិងអ្នក ហើយកណ្តាលពូជខ្ញុំ និងពូជរបស់អ្នកជាដរាបតទៅ’”។ PPKh3 153.3

ដាវីឌបានប្រញាប់ប្រញាល់ទៅភូមិណូប។ ទីនេះហើយដែលគេបានយកត្រសាលជំនុំពីសីឡូរមកតាំងនៅ ហើយអ័ហ៊ីម៉ាលេកលោកធ្វើជាសង្ឃនៅទីនោះ។ សង្ឃនោះបានសម្លឹងមើលទៅដាវីឌដោយភ្ញាក់ផ្អើល ខណៈដែលឃើញគាត់មកតែម្នាក់ឯងយ៉ាងប្រញាប់ប្រញាល់ដូច្នេះ។ សង្ឃបានសួរពីមូលហេតុដែលនាំឱ្យដាវីឌធ្វើដំណើរមកកាន់ទីនេះ ហើយនៅក្នុងការអស់សង្ឃឹមរបស់គាត់ បុរសវ័យក្មេងនេះបានឆ្លើយដោះកុនដោយការកុហក។ ដាវីឌបានប្រាប់សង្ឃថា ស្តេចបានចាត់គាត់ឱ្យមកបំពេញកិច្ចការសម្ងាត់មួយ។ PPKh3 154.1