សេចក្តីសង្ឃឹម ដ៏អស្ចារ្យ
ជំនឿដែលស៊ូទ្រាំ
គ្រាទុក្ខព្រួយនឹងគ្រាឈឺចាប់នៅចំពោះមុខយើង តម្រូវឲ្យមានជំនឿដែលស៊ូទ្រាំជាមួយនឹងភាពខ្សោះល្វើយ ភាពអត់ឃ្លាន ការពន្យារពេលនៃការយាងមករបស់ព្រះយេស៊ូវនិងជំនឿ ដែលមិនចេះរសាយ ទោះបីជួបប្រទះសេចក្តីល្បងដ៏ធ្ងន់ធ្ងរយ៉ាងណាក៏ដោយ។ ជ័យជំនះរបស់លោកយ៉ាកុប គឺជាភ័ស្តុតាង មួយរបស់អំណាចនៃសេចក្តីអធិដ្ឋានឥតឈប់ឈរ។ អស់អ្នកដែលកាន់ខ្ជាប់នូវសេចក្តីសន្យារបស់ព្រះ ដូចជាលោកនោះនឹងបានឈ្នះដូចគាត់ដែរ។ តើមានប៉ុន្មាននាក់ដែលដឹងថា ការបោក ចំបាប់ជាមួយព្រះគឺជាអ្វីនោះ! នៅពេលដែលរលកនៃភាពអស់សង្ឃឹមបោកបក់ទៅលើអ្នកទូលអង្វរករ តើមានប៉ុន្មាននាក់តោងជាប់ដោយជំនឿទៅនឹងសេចក្តីសន្យានៃព្រះ។ GrHKh 142.2
អស់អ្នកដែលមានជំនឿតិច ឥឡូវនេះកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ដ៏ធំ ដោយធ្លាក់ទៅក្រោមអំណាចបោកបញ្ឆោតរបស់ សាតាំង។ ទោះបីគេបានទ្រាំទ្រជាមួយនឹងការសាកល្បងក៏ដោយ ក៏គេនឹងត្រូវធ្លាក់ទៅក្នុងក្តីទុក្ខព្រួយយ៉ាងជ្រៅដែរ ពីព្រោះគេ មិនទម្លាប់ទុកចិត្តលើព្រះ។ ឥឡូវនេះយើងគួរតែរៀនទុកចិត្ត លើសេចក្តីសន្យារបស់ព្រះអង្គ។ GrHKh 143.1
យើងតែងតែប្រមើលឃើញបញ្ហាធំជាងការពិតដែលនឹងកើតឡើង ប៉ុន្តែចំពោះឧបសគ្គ ទាំងឡាយដែលនៅចំពោះមុខយើងវិញនោះវាមិនមែនដូច្នោះទេ។ គ្មានពាក្យអ្វីអាចនឹងពណ៌នាអំពីការអាក្រក់នៃសេចក្តីវេទនាដែលនឹងកើតឡើងនោះឡើយ នៅគ្រាមានទុក្ខលំបាក មនុស្សរាល់រូបត្រូវឈរឡើងដោយខ្លួនឯងនៅចំពោះព្រះភ័ក្រ្តរបស់ព្រះ។ GrHKh 143.2
ឥឡូវនេះនៅពេលដែលសម្តេចសង្ឃរបស់យើង កំពុងថ្វាយដង្វាយលោះបាបសម្រាប់យើង យើងគួរតែស្វះស្វែងដើម្បី ឲ្យបានគ្រប់លក្ខណ៍ក្នុងព្រះគ្រីស្ទ។ ព្រះអង្គសង្រ្គោះរបស់យើង ទ្រង់មិនដែលចាញ់អំណាចនៃសេចក្តីល្បួងឡើយ។ សាតាំង តែងតែរកចំណុចដែលវាអាចដាក់ជើងជាន់បាន នៅក្នុងចិត្តមនុស្ស នៅពេលដែលមនុស្សស្រឡាញ់សេចក្តីប៉ងប្រាថ្នានូវអ្វីដែលជា និស្ស័យនៃអំពើបាប នោះសេចក្តីល្បួងរបស់វានឹងមានអំណាចលើគេភ្លាម។ ប៉ុន្តែ ព្រះគ្រីស្ទមានបន្ទូលអំពីអង្គទ្រង់ថា៖ «ចៅហ្វាយ របស់លោកិយនេះ ជិតមកដល់ហើយ តែគ្មានអ្វីនៅក្នុងខ្ញុំទេ » (យ៉ូហាន ១៤:៣០)។ សាតាំងរកពុំឃើញអ្វីនៅក្នុងព្រះរាជបុត្រា នៃព្រះ ដែលអាចឲ្យវាមានជ័យជំនះឡើយ។ គ្មានបាបណានៅក្នុងទ្រង់ ដែលសាតាំងអាចកេងយកប្រយោជន៍បានទេ។ អស់អ្នកដែលនឹងឈរឡើងនៅក្នុង គ្រាវេទនា ត្រូវមានលក្ខណៈ ដូចជាទ្រង់ដូច្នោះដែរ។ GrHKh 143.3
គឺនៅក្នុងជីវិតនេះឯងដែលយើងត្រូវញែកអំពើបាបចេញ អំពីខ្លួនយើង ដោយជឿដល់ព្រះលោហិតលោះបាបរបស់ព្រះគ្រីស្ទ។ ព្រះអង្គសង្រ្គោះដ៏វិសេសវិសាលរបស់យើង ទ្រង់អញ្ជើញឲ្យយើងរួបរួមជាមួយនឹងព្រះអង្គ ឲ្យរួបរួមភាពកម្សោយ របស់យើងជាមួយកម្លាំងដ៏ខ្លាំងក្លារបស់ទ្រង់ និងរួបរួមភាពមិន សមគួររបស់យើងជាមួយនឹងសេចក្តីថ្លៃថ្នូររបស់ទ្រង់។ ការរួបរួម ជាមួយនឹងស្ថានសួគ៌ ដើម្បីជួយឲ្យចរិតលក្ខណៈរបស់យើង បានគ្រប់លក្ខណ៍ដូចជាគំរូដ៏ពិសិដ្ឋរបស់ព្រះយេស៊ូវនេះគឺអាស្រ័យ លើយើងទាំងស្រុង។ GrHKh 144.1
ការបោកបញ្ឆោត និងការបំផ្លិចបំផ្លាញរបស់អារក្សនឹងលូតដល់កំពូលនៅក្នុងគ្រាវេទនា។ ទិដ្ឋភាពដ៏គួរឲ្យភ័យខ្លាចដែលមានលក្ខណៈខុសពីធម្មតា នឹងត្រូវលាតត្រដាងនៅលើផ្ទៃមេឃ ជាទីសំគាល់នៃអំណាចរបស់អារក្សដែលធ្វើការអស្ចារ្យ។ វិញ្ញាណអារក្សនឹងចេញទៅឯ «ពួកស្តេចនៅលើផែនដី» ហើយនិងលោកិយទាំងមូល ដើម្បីជំរុញឲ្យរួបរួមជាមួយសាតាំង នៅក្នុង ការតស៊ូចុងក្រោយដើម្បីប្រឆាំងនិងការគ្រប់គ្រងនៃស្ថានសួគ៌។ មនុស្សខ្លះនឹងធ្វើពុត លើកខ្លួនឡើងថាជាព្រះគ្រីស្ទ។ គេនឹង សំដែងការអស្ចារ្យ ព្យាបាលជំងឺ ហើយតាំងខ្លួនថាបានទទួល ការបើកសំដែងមកអំពីស្ថានសួគ៌ ដែលផ្ទុយអំពីបទគម្ពីរទៀតផង។ GrHKh 144.2