ករចប់ផ្តើមៃនទីបញចប់ (ភគទី១)

124/153

១៨ មេសា

សិង្ហដែលជាស្តេចនៃសត្វព្រៃ គឺជានិមិត្តសញ្ញាដ៏ស័ក្តិសមសម្រាប់អំបូរនេះ ហើយដែលស្តេច ដាវីឌបានកើតចេញពីអំបូរនោះ ហើយជាព្រះរាជបុត្រារបស់ព្រះបាទដាវីឌ គឺស៊ីឡូរ “ជាសិង្ហនៃសាសន៍យូដា” ដ៏ពិតប្រាកដ ដែលគ្រប់ទាំងអំណាចនឹងត្រូវក្រាបថ្វាយបង្គំ និងគ្រប់ទាំងសាសន៍នឹងថ្វាយព្រះកិត្តិនាមដល់ទ្រង់ នៅទីចុងបំផុត។ PPKh1 224.1

លោកយ៉ាកុបបានប្រាប់ឱ្យដឹងជាមុនអំពីអនាគតដ៏រុងរឿងរបស់កូនៗគាត់ សឹងតែទាំងអស់។ ចុងបំផុតគាត់បានចូលមកដល់ឈ្មោះយ៉ូសែប ហើយចិត្តរបស់ឪពុកនេះបានជន់ជោរដោយភាពក្តុកក្តួល ខណៈដែលលោកបានអធិស្ឋានឱ្យពរនៅលើ “ក្បាលយ៉ូសែប គឺនៅលើកំពូលក្បាលនៃអ្នកដែលបានញែកចេញពីពួកបងប្អូន”។ PPKh1 224.2

“យ៉ូសែបជាមែកឈើមានផ្លែ ដែលដុះនៅជិតរន្ធទឹក ខ្នែងវានឹងវារពាក់លើកំផែង ពួកពលធ្នូបានធ្វើទុក្ខវាខ្លាំង ទាំងបាញ់ទាំងស្អប់វាផង តែធ្នូវានៅតែខ្លាំងពូកែ ដៃវាក៏មានកម្លាំងដោយសារព្រះហស្តនៃព្រះដ៏មានព្រះចេស្តារបស់យ៉ាកុប ឯអ្នកគង្វាល គឺជាថ្មដារបស់អ៊ីស្រាអែល បានចេញពីនោះមក គឺដោយនូវព្រះនៃឪពុកឯង ដែលទ្រង់នឹងជួយឯង ហើយដោយនូវព្រះដ៏មានគ្រប់ទាំងព្រះចេស្តា ដែលទ្រង់នឹងប្រទានពរដល់ឯង ជាព្រះពរពីលើមេឃ ហើយជាព្រះពរពីទីជម្រៅដែលនៅខាងក្រោម ទាំងផលរបស់ដោះហើយនិងពោះផង ពររបស់ឪពុកឯង នោះលើសជាងអស់ទាំងពររបស់ពួក អយ្យកោអញ ជាពរធំដល់ព្រំចុងបង្អស់របស់ភ្នំដ៏នៅអស់កល្បជានិច្ច ហើយក៏នៅលើក្បាលយ៉ូសែប គឺនៅលើកំពូលក្បាលនៃអ្នកដែលបានញែកចេញពីពួកបងប្អូនវា”។ PPKh1 224.3

លោកយ៉ាកុបជាមនុស្សដែលមានសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅ សេចក្តីស្រឡាញ់របស់គាត់ចំពោះកូនៗ ខ្លាំងក្លានិងផ្អែមល្ហែមជាទីបំផុត។ គាត់បានលើកលែងទោសឱ្យគេទាំងអស់ ហើយគាត់ស្រឡាញ់ពួកគេរហូតដល់ទីចុងបំផុត។ នៅក្នុងភាពទន់ភ្លន់ជាឪពុករបស់លោក គេឃើញមានតែការលើកទឹកចិត្តនិងសេចក្តីសង្ឃឹមប៉ុណ្ណោះ ហើយអំណាចរបស់ព្រះបានគង់នៅក្នុងចិត្តរបស់គាត់។ PPKh1 224.4

ប៉ុន្មានឆ្នាំចុងក្រោយរបស់លោកយ៉ាកុប បាននាំមកនូវសាយ័ណ្ហ-កាល(ពេលរសៀល)ដ៏ស្ងាត់ជ្រងំ និងការសម្រាកមួយ បន្ទាប់ពីថ្ងៃដែលពោរពេញទៅដោយបញ្ហានិងទុក្ខកង្វល់មក។ ពពកខ្មៅបានរសាត់អណ្តែតនៅលើផ្លូវរបស់គាត់ ហើយព្រះអាទិត្យរបស់គាត់ក៏បានលិចបាត់ទៅ រួចពន្លឺនៃឋានសួគ៌បានបំភ្លឺពេលវេលាដែលគាត់ចាកចេញទៅនោះ។ ព្រះគម្ពីរសម្តែងថា “គឺថ្ងៃនោះនឹងបានជាថ្ងៃមួយ ដែលព្រះយេហូវ៉ាទ្រង់ស្គាល់ មិនមែនជាថ្ងៃ ក៏មិនមែនជាយប់ ប៉ុន្តែ លុះដល់ពេលព្រលប់ នោះនឹងមានពន្លឺវិញ”។ សាការី ១៤”:៧។ “ចូរចំណាំមើល មនុស្សគ្រប់លក្ខណ៍វិញ ហើយពិចារណាមើលមនុស្សទៀងត្រង់ចុះ ដ្បិតចុងបំផុត នៃមនុស្សនោះ មានសេចក្តីសាន្តត្រាណ”។ ទំនុកតម្កើង ៣៧:៣៧។ PPKh1 225.1

ព្រះគម្ពីរបានកត់ត្រាយ៉ាងត្រឹមត្រូវនូវកំហុសរបស់មនុស្សល្អ ដែលគាប់ព្រះហឫទ័យដល់ព្រះ។ ការនេះបានផ្តល់នូវឱកាសដល់អ្នកមិនជឿព្រះ ឱ្យមើលងាយដល់ព្រះគម្ពីរ។ ប៉ុនែ្ត ការនេះគឺជាភស្តុតាងមួយយ៉ាងច្បាស់ ពីសេចក្តីពិតនៃព្រះគម្ពីរ ដែលមិនបានលាក់បាំងនូវរឿងរ៉ាវ ឬលុបចោលនូវអំពើបាបនៃតួអង្គសំខាន់ៗនៅក្នុងព្រះគម្ពីរឡើយ។ ប្រសិនបើព្រះគម្ពីរនេះត្រូវបានសរសេរដោយមនុស្ស អ្នកដែលមិនមានព្រះវិញ្ញាណបរិសុទ្ធបណ្តាល ចិត្តទេ នោះព្រះគម្ពីរប្រាកដជាបានបង្ហាញតែតួអង្គល្អៗ ដើម្បីឱ្យមានពន្លឺគួរឱ្យចាប់អារម្មណ៍ថែមទៀតជាមិនខាន។ PPKh1 225.2