ករចប់ផ្តើមៃនទីបញចប់ (ភគទី១)

116/153

១០ មេសា

មនុស្សអាក្រក់បានរៀនកែប្រែចិត្ត

កូនៗរបស់លោកយ៉ាកុបទាំងនេះបានផ្លាស់ប្តូរអត្តចរិត។ ការច្រណែន ភាពច្រឡោត សេចក្តីឃោរឃៅ និងការសងសឹកដែលពួកគេធ្លាប់មាន ឥឡូវនេះ តាមរយៈការសាកល្បងដោយភាពទ័លក្រ ពួកគេលែងអាត្មានិយម ស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក គោរពចំពោះទៅឪពុករបស់ខ្លួន ហើយសូម្បី តែនៅពេលនេះពួកគេក្លាយជាបុរសវ័យកណ្តាលទៅហើយក៏ដោយ ក៏ពួកគេនៅតែចុះចូលជាមួយនឹងអំណាចរបស់គាត់ដែរ។ PPKh1 207.2

ខណៈដែលពួកបងៗឆ្លុះបញ្ចាំងពីអំពើបាបរបស់ពួកគេ បីថ្ងៃនៅក្នុងគុកនៃប្រទេសអេស៊ីព្ទ គឺជាពេលវេលាដែលពោរពេញទៅដោយភាពជូរចត់និងទុក្ខព្រួយ។ ប្រសិនបើពួកគេមិននាំយកបេនយ៉ាមីនមកទេ ការផ្តន្ទាទោសដោយបទចោទថាជាអ្នកស៊ើបការណ៍របស់ពួកគេនឹងត្រូវក្លាយទៅជាការពិត។ PPKh1 207.3

នៅថ្ងៃទីបី គេបាននាំបងៗរបស់យ៉ូសែបមកនៅចំពោះមុខគាត់។ លោកមិនហ៊ានឃុំខ្លួនពួកគេយូរតទៅទៀតទេ។ ឪពុករបស់គាត់និងក្រុមគ្រួសារដែលនៅជាមួយនឹងគាត់ទាំងអស់ប្រហែលជាត្រូវរងទុក្ខវេទនាដោយខ្វះអាហារហើយ។ គាត់មានប្រសាសន៍ថា “ចូរធ្វើដូច្នេះចុះ ដើម្បីឱ្យបានរស់នៅ ដ្បិតអញជាអ្នកគោរពកោតខ្លាចដល់ព្រះ បើឯងរាល់គ្នាជាមនុស្សទៀង-ត្រង់មែននោះ ចូរឱ្យបងប្អូនឯងម្នាក់នៅជាប់ចំណងក្នុងគុកនេះសិន តែឯងរាល់គ្នាឯទៀតត្រូវនាំយកស្រូវទៅឱ្យពួកផ្ទះឯងដែលអត់ចុះ រួចឱ្យនាំប្អូនពៅឯងមកអញកុំខាន យ៉ាងនោះនឹងបានដឹងថា ឯងរាល់គ្នានិយាយពិតត្រង់មែន ហើយឯងរាល់គ្នាមិនត្រូវស្លាប់ផង”។ PPKh1 208.1

លោកយ៉ូសែបទាក់ទងជាមួយនឹងពួកគេតាមរយៈអ្នកបកប្រែភាសា។ ដោយមិននឹកស្មានថាលោកដែលជាចៅហ្វាយរូបនេះស្តាប់ភាសាគេបាន ពួកគេបាននិយាយគ្នាដោយឥតលាក់លៀម នៅចំពោះមុខគាត់។ “ប្រាកដជាយើងមានទោសដោយព្រោះប្អូនពៅយើងហើយ ពីព្រោះយើងបានឃើញ សេចក្តីទុក្ខនៅក្នុងចិត្តវា កាលដែលវាអង្វរដល់យើងនោះ តែយើងមិនបានស្តាប់តាមវាសោះ គឺដោយហេតុនោះឯង បានជាសេចក្តីទុក្ខព្រួយនេះបានធ្លាក់មកលើយើងរាល់គ្នាវិញ”។ រ៉ូបេនជាអ្នកដែលបានបង្កើតផែនការមួយដើម្បីជួយរំដោះយ៉ូសែបនៅដូថាន់បានបន្ថែមទៀតថា “តើអញមិនបានហាមឯងរាល់គ្នាទេឬអីថា កុំឱ្យធ្វើបាបវាឡើយ តែឯងរាល់គ្នាមិនព្រមស្តាប់តាមអញសោះ មើលហ៎្ន! ឥឡូវឈាមវាបានទារវិញហើយ”។ PPKh1 208.2

ដោយបានឮពួកគេនិយាយគ្នា យ៉ូសែបមិនអាចទប់ចិត្តបានឡើយ ហើយគាត់បានចេញទៅយំនៅខាងម្ខាង។ នៅពេលដែលគាត់ត្រឡប់មកវិញ លោកបានបញ្ជាឱ្យគេចាប់ស៊ីម្មានចងនៅចំពោះពួកគេ ហើយយកទៅដាក់គុកវិញ។ នៅក្នុងការព្យាបាទដ៏ឃោរឃៅនៃបងប្អូនរបស់ខ្លួន ស៊ីម្មានគឺជាអ្នកញុះញង់និងជាអ្នកដើរតួដ៏សំខាន់ជាងគេ។ PPKh1 208.3

មុននឹងអនុញ្ញាតឱ្យពួកបងៗរបស់គាត់ចាកចេញទៅ យ៉ូសែបបានបង្គាប់ឱ្យគេដាក់ស្រូវនៅក្នុងបាវគេ ហើយដាក់ប្រាក់របស់គេជាសម្ងាត់ ទៅក្នុងមាត់បាវរបស់គេរៀងៗខ្លួន។ នៅតាមផ្លូវ មានម្នាក់នៅក្នុងក្រុមរបស់គេបានបើកបាវរបស់គេ ហើយមានការភ្ញាក់ផ្អើលជាខ្លាំង ដោយបានឃើញថង់ប្រាក់របស់គេនៅក្នុងបាវនោះ។ អ្នកដទៃទៀតក៏មានការតក់ស្លុត ហើយនិយាយថា “តើព្រះបានធ្វើអ្វីដល់យើងដូច្នេះ”។ PPKh1 209.1

លោកយ៉ាកុបបានរង់ចាំការវិលត្រឡប់មកវិញរបស់កូនយ៉ាងអន្ទះសា ហើយនៅពេលដែលពួកគេបានមកដល់ ក្រុមគ្រួសាររបស់គេ ដែលនៅក្នុងត្រសាលទាំងមូលបានមកជួបជុំគ្នា នៅជុំវិញ ខណៈដែលពួកគេបានរៀបរាប់ប្រាប់ឪពុករបស់គេពីរឿងរ៉ាវទាំងប៉ុន្មាន ដែលបានកើតឡើង។ ការភ័យខ្លាចបានកើតឡើងពេញក្នុងចិត្តគេគ្រប់គ្នា។ អាកប្បកិរិយារបស់អ្នកដឹកនាំសាសន៍ អេស៊ីព្ទម្នាក់នេះ ហាក់បញ្ជាក់ពីចេតនាអាក្រក់មួយចំនួន ហើយការភ័យខ្លាចរបស់ពួកគេក៏បានផ្ទុះឡើង នៅពេលដែលពួកគេបានបើកបាវរបស់ពួកគេ ហើយឃើញប្រាក់របស់គេនៅក្នុងបាវគ្រប់ៗគ្នា។ ឪពុកដ៏ចំណាស់នេះ បានថ្លែងទាំងអស់សង្ឃឹមថា “ឯងរាល់គ្នាបានបំបាត់កូនអញទៅ គឺយ៉ូសែបមិននៅទៀត ហើយស៊ីម្មានក៏មិននៅដែរ ឥឡូវឯងចង់យកបេនយ៉ាមីនទៅទៀតឬ សេចក្តីទាំងនេះជាទំនាស់នឹងអញហើយ រូបេនឆ្លើយទៅឪពុកថា បើខ្ញុំមិននាំវាមកវិញ នោះសូមសម្លាប់កូនប្រុសខ្ញុំទាំង២ចុះ សូមឱ្យវាមកខ្ញុំៗនឹងនាំវាមកជូនលោកឪពុកវិញជាមិនខាន តែយ៉ាកុបប្រកែកថា កូនអញមិនត្រូវចុះទៅជាមួយនឹងឯងរាល់គ្នាទេ ដ្បិតបងវាស្លាប់ទៅហើយ នៅសល់តែ១ប៉ុណ្ណោះ បើកាលណាវាកើតមានគ្រោះថ្នាក់អ្វីតាមផ្លូវដែលឯងទៅ នោះឯងរាល់គ្នានឹងនាំឱ្យសក់ស្កូវរបស់អញចុះទៅដល់ឋានឃុំព្រលឹងមនុស្សស្លាប់ដោយទុក្ខព្រួយហើយ”។ PPKh1 209.2