សេចក្តីសង្ឃឹម ដ៏អស្ចារ្យ
លទ្ធផលនៃការមិនយកចិត្តទុកដាក់នឹងការអធិដ្ឋាន និងការសិក្សាព្រះគម្ពីរ
មិនត្រូវសិក្សាព្រះគម្ពីរដោយឥតមានការអធិដ្ឋានឡើយ។ មានតែព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះដែលបណ្ដាលឲ្យយើងដឹងពីសារៈសំខាន់នៃចំណុចដែលងាយយល់ ឬការពារយើងពីការងាកចេញពីសេចក្ដីពិតដែលពិបាកៗ។ ពួកទេវតានៃស្ថានសួគ៌រៀបចំចិត្ដមនុស្សឲ្យយល់ពីព្រះបន្ទូលរបស់ព្រះ។ យើងនឹងចាប់ចិត្តដោយសម្រស់នៃព្រះបន្ទូលហើយនឹងបានរឹងប៉ឹងឡើង ដោយសេចក្ដីសន្យា។ សេចក្តីល្បួងទាំងឡាយមើលទៅហាក់ ដូចជាមិនអាចទប់ទល់បាន ពីព្រោះអ្នកដែលត្រូវល្បួងពុំបាន ចងចាំសេចក្ដីសន្យាទាំងប៉ុន្មានរបស់ព្រះ និងពុំបានតទល់ជា មួយសាតាំងដោយយកបទគម្ពីរធ្វើជាអាវុធ។ ប៉ុន្ដែ ពួកទេវតា ស្ថិតនៅជុំវិញអ្នកដែលមានចិត្ដចង់រៀន ហើយពួកលោកនឹង ធ្វើឲ្យគេនឹកចាំនូវសេចក្ដីពិតទាំងឡាយដែលគេត្រូវការ។ GrHKh 120.2
«ទ្រង់នឹងបង្រៀនអ្នករាល់គ្នា ពីគ្រប់សេចក្ដីទាំងអស់ ក៏នឹងរំឭកពីគ្រប់សេចក្ដីដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នា» (យ៉ូហាន ១៤:២៦)។ ប៉ុន្ដែយើងត្រូវតែផ្ទុកការបង្រៀនរបស់ព្រះគ្រីស្ទនៅក្នុងចិត្តជាមុនសិនទើបព្រះវិញ្ញាណរបស់ព្រះអាច រំឭកឲ្យយើងចងចាំនៅក្នុងគ្រាមានទុក្ខធំបាន។ GrHKh 121.1
ព្រះហៀបតែនឹងសម្រេចជោគវាសនានៃបណ្ដាមនុស្សដ៏សន្ធឹកសន្ធាប់នៅផែនដីនេះទៅហើយ។ អ្នកដើរតាមព្រះគ្រីស្ទ គ្រប់រូបគួរតែសួរយ៉ាងអស់ពីចិត្ដថា៖ «ព្រះអម្ចាស់អើយ តើទ្រង់ សព្វព្រះហឫទ័យឲ្យទូលបង្គំធ្វើដូចម្ដេច? » (កិច្ចការ ៩:៦)។ ឥឡូវ នេះ យើងគួរតែស្វែងរកបទពិសោធន៍ដ៏ជ្រាលជ្រៅនិងរស់រវើក ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយនឹងព្រះ។ យើងមិនត្រូវឲ្យខាត ពេលវេលាបន្តិចណាឡើយ។ យើងកំពុងស្ថិតនៅក្នុងតំបន់ មានមន្តស្នេហ៍របស់សាតាំង។ អ្នកយាមរបស់ព្រះអើយ សូមកុំ ដេកលក់ឲ្យសោះ! GrHKh 121.2
មនុស្សជាច្រើននាក់បានអបអរសាទរខ្លួនឯង ចំពោះការដែលខ្លួនពុំបានប្រព្រឹត្តអំពើខុសឆ្គង។ ការដែលគ្រាន់តែជាដើមឈើនៅក្នុងសួនច្បាររបស់ព្រះនោះ មិនទាន់គ្រប់គ្រាន់ទេ។ គេត្រូវតែបង្កើតផលផ្លែថែមទៀត។ គេត្រូវបានកត់ទុកនៅក្នុងសៀវភៅនៃស្ថានសួគ៌ថាជាអ្នកដែលរស់នៅទម្ងន់តែផែនដីឥតប្រយោជន៍។ តែអ្នកដែលមិនយកចិត្តទុកដាក់ចំពោះសេចក្តី មេត្តាករុណារបស់ព្រះហើយបង្ខូចព្រះគុណរបស់ទ្រង់ព្រះហប្ញទ័យ នៃសេចក្តីស្រឡាញ់ដ៏អត់ធ្មត់នៅតែអង្វរករដល់គេជានិច្ច។ GrHKh 121.3
នៅរដូវក្តៅ ដើមឈើដែលតែងតែមានពណ៌ បៃតង ជានិច្ច មិនខុសអ្វីពីដើមឈើផ្សេងៗឡើយ ប៉ុន្តែនៅពេលរដូវ រងាចូលមកដល់ រុក្ខជាតិដែលមានពណ៌បៃតងជានិច្ច នៅមានស្លឹកបៃតងដដែល តែរុក្ខជាតិដទៃទៀតជម្រុះស្លឹកអស់។ នៅ ពេលមានការប្រឆាំង ការមិនយោគយល់គ្នា ការបៀតបៀន នោះអ្នកមានចិត្តជឿសើៗនិងអ្នកមានពុតនឹងបោះបង់ជំនឿ របស់គេជាមិនខាន ប៉ុន្តែគ្រីស្ទានពិតប្រាកដ នឹងនៅឈរមាំមួន ជំនឿរបស់គេនឹងបានកាន់តែខ្លាំងឡើង សេចក្តីសង្ឃឹមរបស់គេ នឹងបានកាន់តែភ្លឺថា្ល ជាងគ្រាដែលមានការចម្រុងចម្រើនរុងរឿង ទៅទៀត។ GrHKh 122.1
«អ្នកនោះនឹងបានដូចជាដើមឈើដាំនៅមាត់ទឹក ដែល ចាក់ឫសទៅក្បែរទន្លេ ឥតដឹងរដូវក្តៅទេ គឺស្លឹកនៅតែខៀវខ្ចី វិញ ហើយក៏មិនភ័យព្រួយនឹងឆ្នាំដែលរាំងស្ងួតហួតហែងឡើយ ក៏មិនដែលខាននឹងកើតផលដែរ» (យេរេមា ១៧:៨)៕ GrHKh 122.2