ករចប់ផ្តើមៃនទីបញចប់ (ភគទី ៣)

85/128

67 - វិញ្ញាណនិយមសម័យបូរាណនិងសម័យទំនើប

២៤ វិច្ឆិកា

ខព្រះគម្ពីរប្រចាំថ្ងៃ ៖ ចូរចាំយាម ចូរឈរឲ្យមាំមួនក្នុងសេចក្តីជំនឿ ចូរប្រព្រឹត្តឲ្យពេញជាភាពបុរស ចូរឲ្យមានកំឡាំងចុះ។ កូរិនថូសទី១ ១៦:១៣ PPKh3 183.1

ការបរិយាយនៃព្រះគម្ពីរស្តីពីការទៅរកស្រ្តី នៅអេនដោរ របស់ស្តេច សូល បានធ្វើឱ្យសិស្សព្រះគម្ពីរជាច្រើនមានការភ័ន្តច្រឡំ។ អ្នកខ្លះប្រកាន់ ជំហរថា លោកសាំយូអែលបានលេចមកពិតប្រាកដមែន។ ប៉ុន្តែ ព្រះគម្ពីរ ផ្ដល់ភស្ដុតាងសម្រាប់ការសន្និដ្ឋានផ្ទុយគ្នាពីនោះទៅវិញ។ PPKh3 183.2

ប្រសិនបើលោកសាំយូអែលនៅឋានសួគ៌ គាត់ត្រូវតែបានហៅពីទីនោះដោយព្រះ ឬដោយសាតាំង។ គ្មាននរណាម្នាក់អាចជឿបន្តិចសោះឡើយ ថា សាតាំងមានអំណាចអាចហៅហោរាពីឋានសួគ៌មកលើកតម្កើងកិត្តិយសដល់មន្តអាគមរបស់ស្ដ្រីដែលគ្មានច្បាប់នេះ។ ឬយើងក៏មិនអាចសន្និដ្ឋានថាព្រះជាម្ចាស់បានត្រាស់បង្គាប់ឱ្យគាត់ទៅឯរូងភ្នំរបស់មេធ្មប់នេះដែរ ដ្បិតព្រះជាម្ចាស់បានបដិសេធមិនព្រមទាក់ទងជាមួយស្តេចសូលរួចទៅហើយ ទោះ ដោយការយល់សប្តិ ដោយយូរីម ឬដោយហោរាក្តី។ PPKh3 183.3

គឺសារនោះឯងដែលបង្ហាញថាខ្លួនឯង (សារនោះ) មកមកពីណា។ គោលបំណងរបស់វាគឺមិនមែនដើម្បីដឹកនាំសូលឱ្យកែប្រែចិត្តទេ ប៉ុន្តែ គឺជំរុញឱ្យទ្រង់ត្រូវវិនាសទៅវិញ។ នេះមិនមែនជាការងាររបស់ព្រះជាម្ចាស់ទេ តែជាការងាររបស់សាតាំងពិតប្រាកដ។ លើសពីនេះទៅទៀត បទគម្ពីរបានដកស្រង់ទង្វើរបស់សូលក្នុងការសួរយោបល់ពីគ្រូខាបព្រលឹងខ្មោចនេះថា ជាមូលហេតុមួយដែលនាំឱ្យព្រះបោះបង់ចោលទ្រង់ “ដូច្នេះ សូលបានសុគត ដោយព្រោះអំពើដែលទ្រង់បានប្រព្រឹត្តរំលងទាស់នឹងព្រះយេហូវ៉ា ដោយមិនបានកាន់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ហើយដោយព្រោះទ្រង់បានសួរទំនាយនឹងស្រី ជាគ្រូខាប ឥតទូលសួរដល់ព្រះយេហូវ៉ា ហេតុនោះបានជាព្រះធ្វើឱ្យទ្រង់សុគត ព្រមទាំងបង្វែររាជ្យទៅឱ្យដាវីឌ ជាបុត្រអ៊ីសាយវិញ” (របាក្សត្រទី១ ១០:១៣, ១៤)។ សូលមិនបានប្រស្រ័យទាក់ទងជាមួយលោកសាំយូអែលជាហោរារបស់ព្រះទេ ប៉ុន្តែ គឺជាមួយនឹងសាតាំងទៅវិញទេ។ សាតាំងមិនអាចបង្ហាញហោរាសាំយូអែលពិតប្រាកដបានទេ ប៉ុន្តែ វាក្លែងបន្លំដើម្បីបម្រើគោលបំណងបោកបញ្ឆោតរបស់វា។ PPKh3 183.4

នៅក្នុងសម័យបូរាណ អំពើអាបធ្មប់ត្រូវបានគេរកឃើញនៅក្នុងជំនឿដែលមនុស្សអាចនិយាយជាមួយអ្នកស្លាប់។ អស់អ្នកដែលអនុវត្តជំនឿទាំងនេះបានអះអាងថាពួកគេបានទទួលចំណេះដឹងពីព្រឹត្តិការណ៍នាពេលអនាគត តាមរយៈវិញ្ញាណនៃអ្នកដែលបានស្លាប់ទៅ។ “កាលបើអ្នកណាពោលដល់ឯងថា ចូររកពួកគ្រូខាប និងគ្រូគាថា ដែលចេញសំឡេងអ៊ីអ៊ុ ហើយងុមៗ នោះត្រូវឆ្លើយថា គួរគប្បីឱ្យបណ្តាជនស្វែងរកព្រះរបស់ខ្លួនវិញ តើនឹងរកចំពោះរូបខ្មោចជាប្រយោជន៍ដល់មនុស្សរស់ធ្វើអ្វី?” (អេសាយ ៨:១៩)។ PPKh3 184.1

គេបានជឿថាព្រះនៃសាសន៍ដទៃគឺជាព្រលឹងនៃវីរបុរសដែលបានស្លាប់ទៅ ហើយទៅកើតជាព្រះណាមួយ។ ដូច្នេះសាសនារបស់សាសន៍ដទៃ គឺការថ្វាយបង្គំដល់អ្នកស្លាប់។ និយាយទាក់ទងនឹងការក្បត់ជំនឿសាសនារបស់សាសន៍អ៊ីស្រាអែល អ្នកសរសេរគម្ពីរទំនុកតម្កើងបានចែងថា “គេក៏បានទៅភ្ជាប់ខ្លួននឹងព្រះបាលពេអរ ហើយបានបរិភោគអស់ទាំងគ្រឿងបូជា ដែលថ្វាយដល់រូបព្រះឥតជីវិត” (ទំនុកតម្កើង ១០៦:២៨) នោះគឺបានថ្វាយទៅអ្នកស្លាប់ហើយ។ PPKh3 184.2

នៅស្ទើរតែគ្រប់ប្រព័ន្ធនៃសាសនាដទៃ គេជឿថាអ្នកស្លាប់បានបង្ហាញបំណងរបស់ពួកគេដល់មនុស្សដែលនៅរស់ ហើយនៅពេលដែលគេសួរ វិញ្ញាណទាំងនោះអាចឱ្យយោបល់ដល់ពួកគេថែមទៀតផង។ សូម្បីតែនៅក្នុងទឹកដីដែលគេអះអាងថាជាកន្លែងកាន់សាសនាគ្រិស្ត ក៏នៅអនុវត្តការនិយាយជាមួយនឹងមនុស្សដែលអះអាងថា ជាវិញ្ញាណរបស់អ្នកស្លាប់ដែលកំពុងរីករាលដាលនេះដែរ។ ជួនកាលមនុស្សដែលមានវិញ្ញាណទាំងនោះបានលេចឡើងនៅក្នុងរូបរាងជាមិត្តភក្តិដែលបានស្លាប់ហើយ ទាំងប្រាប់បទពិសោធន៍ផ្ទាល់ខ្លួនពីជីវិតរបស់ពួកគេ និងអ្វីដែលពួកគេបានធ្វើ កាលពីពួកគេនៅរស់នៅឡើយផង។ នៅក្នុងវិធីនេះ ពួកគេបាននាំមនុស្សឱ្យជឿថាមិត្តភក្តិរបស់ពួកគេដែលស្លាប់ទៅហើយនោះគឺជាពួកទេវតា។ មនុស្សជាច្រើនបានជឿសំដីរបស់វិញ្ញាណទាំងនោះ ខ្លាំងជាងជឿព្រះបន្ទូលរបស់ព្រះជាម្ចាស់។ PPKh3 185.1