សេចក្តីសង្ឃឹម ដ៏អស្ចារ្យ
ជំពូកទី 4 - របៀបយកជ័យជំនះលើសាតាំង
មហាវិវាទរវាងព្រះគ្រីស្ទនិងសាតាំងនឹងត្រូវចប់ ក្នុងពេល បន្តិចទៀត ហើយមេទុច្ចរិតខំប្រឹងប្រើកម្លាំងទ្វេឡើង ដើម្បី បំផ្លាញកិច្ចការដែលព្រះគ្រីស្ទធ្វើជំនួសមនុស្ស។ កម្មវត្ថុដែល វាខំប្រឹងប្រែងធ្វើឲ្យបានសម្រេចនោះគឺដើម្បីក្តោបក្តាប់មនុស្ស ឲ្យឋិតក្នុងភាពងងឹត និងភាពរឹងរូស រហូតដល់ការផ្សះផ្សារបស់ ព្រះអង្គសង្គ្រោះត្រូវបានបញ្ចប់។ កាលណាមានការព្រងើយកន្តើយនៅក្នុងពួកជំនុំ សាតាំងវាមិនខ្វល់អ្វីឡើយ។ ប៉ុន្តែ នៅពេល មនុស្សសួរថា៖ «តើឲ្យខ្ញុំធ្វើដូចម្តេចដើម្បីឲ្យបានសង្គ្រោះ?» នោះវារង់ចាំលើសង្វៀនរួចជាស្រេច ដើម្បីបញ្ចេញអំណាចរបស់វាមកប្រកួតនឹងព្រះគ្រីស្ទ ហើយទប់ទល់ នឹងឥទ្ធិពលនៃព្រះវិញ្ញាណបរិសុទ្ធ។ GrHKh 34.1
មានគ្រាមួយ នៅពេលពួកទេវតាបានយាងមកគាល់ ព្រះវរបិតា សាតាំងក៏បានមកជាមួយដែរ តែមិនមែនមកឱន គោរពព្រះមហាក្សត្រដ៏មានព្រះជន្មអស់កល្បជានិច្ចនោះទេ គឺវាមកដើម្បីបន្តផែនការនៃសេចក្តីព្យាបាទរបស់វា ទាស់នឹង អ្នកសុចរិតថែមទៀត។ សូមអានគម្ពីរយ៉ូប ១:៦។ នៅពេល មនុស្សប្រជុំគ្នាថ្វាយបង្គំព្រះ វាក៏នៅទីនោះដែរ ដោយខិតខំធ្វើ ការយ៉ាងស្វាហាប់ ដើម្បីគ្រប់គ្រងចិត្តគំនិត អ្នកថ្វាយបង្គំ ទាំងឡាយ។ នៅពេលវាឃើញអ្នកនាំសាររបស់ព្រះបើករក បទគម្ពីរ វាកត់ត្រាប្រធានបទដែលគេនឹងអធិប្បាយនោះ។ បន្ទាប់ មកវាប្រើល្បិចនិងប្រាជ្ញាដ៏ប៉ិនប្រសប់របស់វា ដើម្បីធ្វើយ៉ាងណា កុំឲ្យដំណឹងនោះបានឮទៅដល់អ្នកដែលវាកំពុងបំភាន់នៅត្រង់ចំណុចនោះ។ អ្នកដែលត្រូវការសេចក្តីព្រមានខ្លាំងជាងគេ នោះ វានឹងជំរុញឲ្យអ្នកនោះរវល់នឹងកិច្ចការជំនួញផ្សេងៗ ឬត្រូវបានវាទប់ស្កាត់ដោយមធ្យោបាយផ្សេងទៀត មិនឲ្យឮព្រះបន្ទូល។ GrHKh 34.2
សាតាំងឃើញអ្នកបំរើរបស់ព្រះអម្ចាស់មានបន្ទុកធ្ងន់ ដោយព្រោះតែភាពងងឹតដែលនៅគ្របបាំងមនុស្សទាំងឡាយ។ វាឮសេចក្តីអធិស្ឋានទូលសូមនូវព្រះគុណនិងអំណាចរបស់ព្រះ ដើម្បីបំបែកពេលវេលានៃភាពព្រងើយកន្តើយ និងភាពខ្ជិល ច្រអូស។ បន្ទាប់មក ដោយសារសន្ទុះចិត្តថ្មី វាល្បួងមនុស្សឲ្យ បណ្តោយខ្លួន ទៅតាមចំណង់នៃការបរិភោគឬឲ្យបំពេញតែ សេចក្តីប៉ងប្រាថ្នាសម្រាប់ខ្លួនឯង ដូច្នេះហើយសតិបញ្ញារបស់ គេក៏ត្រូវស្ពឹកស្រពន់ ធ្វើឲ្យគេពុំអាចឮនូវអ្វីដែលគេត្រូវការរៀន ជាចាំបាច់បំផុតនោះឡើយ។ GrHKh 35.1
សាតាំងដឹងថា វាអាចវាយសង្គ្រុបយកជ័យជំនះលើ អ្នកណា ដែលមិនអើពើនឹងការអធិដ្ឋាននិងការអានព្រះគម្ពីរ បានយ៉ាងងាយ។ ដូច្នេះ វាបានបង្កើតឧបាយកលគ្រប់យ៉ាង ដើម្បីធ្វើឲ្យមនុស្សស្លុងគំនិត។ សេនាដៃស្តាំរបស់វាមមាញឹក ជាប់ជានិច្ច នៅពេលដែលព្រះបំពេញកិច្ចការ។ ពួកវានឹងធ្វើឲ្យ គេឃើញថា អ្នកបំរើរបស់ព្រះគ្រីស្ទដ៏ស្មោះត្រង់ និងមានការ លះបង់ខ្លួនឯង ត្រូវបានគេបញ្ឆោត ឬជាពួកបោកបញ្ឆោត ទៅវិញ។ កិច្ចការរបស់ពួកវា គឺដើម្បីមួលបង្កាច់គោលបំណង នៃអំពើល្អទាំងអស់ និងផ្សព្វផ្សាយពាក្យបញ្ឆិតបញ្ឆៀង ធ្វើឲ្យ មានសេចក្តីសង្ស័យក្នុងគំនិតអ្នកដែលឆាប់នឹងទទួលការកុហក គ្រប់យ៉ាង។ ប៉ុន្តែ យើងគង់តែដឹងថាគេជាកូនចៅអ្នកណា ដើរតាមគំរូរបស់អ្នកណា ហើយធ្វើកិច្ចការរបស់អ្នកណាទេ។ «អ្នករាល់គ្នានឹងស្គាល់គេបាន ដោយសារផលគេបង្កើត»។ សូមអានគម្ពីរ ម៉ាថាយ ៧:១៦ និង វិវរណៈ ១២:១០។ GrHKh 35.2